Skip to main content

ជីវប្រវត្តិ

Image
Official Portrait No Tie

សមាជិកសភាអាមេរិកលោក រ៉ូបើត ហ្គាស៊ា (Robert Garcia) គឺជាអ្នកដែលមានអាជីពផ្នែកអប់រំមួយរូប។ លោកធ្លាប់ធ្វើជាអភិបាលក្រុងឡុងប៊ិច។ បច្ចុប្បន្ន លោកកំពុងបម្រើការជាតំណាងរាស្រ្តក្នុងរដ្ឋសហរដ្ឋអាមេរិក សម្រាប់អាណត្តិទីពីរ ដែលតំណាងឱ្យទីក្រុងឡុងប៊ិចផង និងទីក្រុង Los Angeles ភាគអាគ្នេយ៍ផង។ លោកតំណាងរាស្រ្ត រ៉ូបើត ហ្គាស៊ា ធ្លាប់ត្រូវបានសមាជិកសភាពីខាងគណបក្សប្រជាធិបតេយ្យជាមួយគ្នា បោះឆ្នោតជ្រើសតាំងឲ្យធ្វើជាមេដឹកនាំក្រុមសមាជិកសភា។ លោកជាសមាជិកជាន់ខ្ពស់មួយរូបរបស់អនុគណៈកម្មាធិការសន្តិសុខជាតិ កិច្ចការព្រំដែន និងកិច្ចការបរទេសនៃគណៈកម្មាធិការត្រួតពិនិត្យ។ លោកក៏ជាសមាជិកដ៏មានមោទនភាពក្នុងក្រុមតំណាងរាស្រ្តចម្រើន ក្រុមការពារប្រយោជន៍ពូជសាសន៍អេស្ប៉ានិក និងក្រុមគិតគូររឿងសមធម៌ផងដែរ។

កាលពីក្នុងអាណត្តិទីមួយ លោក រ៉ូបើត ហ្គាស៊ា បានឈានមុខគេ នៅក្នុងក្របខណ្ឌរដ្ឋសភា ផ្តួចផ្តើមចលនាគាំទ្រឲ្យមានលំនៅឋានរស់នៅសមរម្យ ដើម្បីជំរុញឲ្យសាងសង់លំនៅឋានថ្មីៗ  និងបញ្ចុះថ្លៃចំណាយសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅទូទាំងសហរដ្ឋអាមេរិក។

លោក រ៉ូបើត ហ្គាស៊ា បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើត និងដាក់ឲ្យដំណើរការក្រុមតំណាងរាស្រ្តនៃគណបក្សទាំងពីរ ដែលគាំទ្រចលនាសាងសង់លំនៅឋានបន្ថែម (ឬហៅជាភាសាអង់គ្លេសថា Yes In My Back Yard [YIMBY]។ ចលនានេះមានគោលបំណងលើកកម្ពស់គោលនយោបាយ ដើម្បីបង្កើនការសាងសង់លំនៅឋានថ្មីបន្ថែមទៀត ដោយជួយធ្វើឱ្យលំនៅឋានកាន់តែមានតម្លៃថោកសមរម្យ និងកាត់បន្ថយភាពអនាថា។

កាលពីក្នុងនីតិកាលទី ១១៨ របស់រដ្ឋសភាអាមេរិក លោកតំណាងរាស្រ្ត រ៉ូបើត ហ្គាស៊ា បានស្នើច្បាប់ចំនួនពីរ ដែលក្រោយមកត្រូវបានលោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ចុះហត្ថលេខាឲ្យក្លាយជាច្បាប់។ ច្បាប់ដែលទទួលបានការគាំទ្រពីគណបក្សទាំងពីរនេះ មានគោលដៅពង្រឹងប្រសិទ្ធភាពរដ្ឋាភិបាល និងជួយសន្សំសំចៃថវិការបស់អ្នកបង់ពន្ធ។ មិនតែប៉ុណ្ណោះ ច្បាប់ទាំងនេះជួយកែលម្អប្រតិបត្តិការរបស់រដ្ឋាភិបាល ឲ្យកាន់តែមានភាពទទួលខុសត្រូវជាងមុន។

ក្នុងឋានៈជាប្រធានក្រុមសភាតំណាងរាស្ត្រលោក  រ៉ូបើត ហ្គាស៊ា ជាមនុស្សដ៏សំខាន់មួយរូប ក្នុងការតម្រង់ទិស និងកំណត់ចំណុចដែលត្រូវយកចិត្តជាចម្បងរបស់ក្រុមតំណាងរាស្រ្តពីគណបក្សប្រជាធិបតេយ្យ នៅក្នុងក្របខណ្ឌរដ្ឋសភាអាមេរិក។ លោកប្រាស្រ័យរវាងថ្នាក់ដឹកនាំនៃគណបក្សនយោបាយបាយធំៗទាំងពីរ និងសមាជិកចូលថ្មីក្នុងរដ្ឋសភា ដើម្បីធានាឲ្យមានសំឡេងតំណាងពីគ្រប់គណបក្ស ក្នុងកិច្ចពិភាក្សាច្បាប់ក្នុងរដ្ឋសភា។

មិនតែប៉ុណ្ណោះ លោក  រ៉ូបើត ហ្គាស៊ា ក៏ជាសហប្រធាននៃក្រុមតំណាងរាស្រ្តនៃរដ្ឋសភា ទទួលបន្ទុកខាងការបង្កើតឱកាស បន្តពាណិជ្ជកម្ម និងសន្តិសុខកំពង់ផែ និងក្រុមតំណាងរាស្រ្តតំណាងឲ្យជាតិសាសន៍ប៉េរូផងដែរ។ ក្រុមតំណាងរាស្រ្តកំពង់ផែនេះ តស៊ូមតិដើម្បីប្រយោជន៍អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ធានាខ្សែសង្វាក់ផ្គត់ផ្គង់ និងភាពធននឹងវិបត្តិ និងដើម្បីដង្ហើមសេដ្ឋកិច្ចជាតិរបស់យើង។ ក្រុមសមាជិកសភាដែលតំណាងឲ្យជាតិសាសន៍ប៉េរូនេះ មានគោលបំណងពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រជាពលរដ្ឋនៃប្រទេសប៉េរូ តាមរយៈការពង្រឹងកិច្ចសន្ទនាគ្នាតាមផ្លូវនយោបាយ និងកិច្ចសហប្រតិបត្តិការ ដោយឈរលើគុណតម្លៃ និងគោលការណ៍រួម។

ជាមួយគ្នានេះដែរ កាលពីខែ វិច្ឆិកា ឆ្នាំ ២០២២ លោក  រ៉ូបើត ហ្គាស៊ា បានជាប់ឆ្នោតជាតំណាងរាស្រ្ត ក្នុងការការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តតំបន់ ៤២ នៃរដ្ឋកាលីហ្វ័រញ៉ា ដែលរួមមានទាំងទីក្រុងឡុងប៊ិច និងទីក្រុង Los Angeles ភាគអាគ្នេយ៍នោះផង។ មុននេះ លោក  រ៉ូបើត ហ្គាស៊ា ធ្លាប់ធ្វើជាអភិបាលក្រុងទី ២៨ នៃក្រុងឡុងប៊ិច ក្នុងអាណត្តិពីឆ្នាំ ២០១៤ ដល់ ២០២២។ លោកក៏ធ្លាប់បម្រើការជាសមាជិកក្រុមប្រឹក្សាក្រុងឡុងប៊ិច ពីឆ្នាំ ២០០៩ ដល់ ២០១៤ ផងដែរ។

លោកសមាជិកសភា  រ៉ូបើត ហ្គាស៊ា ជឿជាក់លើកិច្ចការពារលទ្ធិប្រជាធិបតេយ្យរបស់យើង។ លោកត្រួសត្រាយផ្លូវ ឲ្យមានគោលនយោបាយចម្រើនខាងវិស័យអប់រំ។ លោកចូលរួមដោះស្រាយវិបត្តិអាកាសធាតុ គាំពារគ្រួសារកម្មករ ដោយដោះស្រាយតំឡើងប្រាក់ឈ្នួលជូនពួកគាត់ និងតស៊ូប្រយុទ្ធដើម្បីពង្រីក និងការពារសិទ្ធិសំខាន់បំផុតរបស់ស្រ្តី ជនអន្តោប្រវេសន៍ និងសហគមន៍ភេទទីបី LGBTQ+។ នៅក្នុងរដ្ឋសភា លោក រ៉ូបើត ហ្គាស៊ា បានផ្តួចផ្តើមធ្វើច្បាប់ ដើម្បីដោះស្រាយបញ្ហាខ្វះលំនៅឋានដែលមានតម្លៃថោកសមរម្យ។ លោកជួយធ្វើឲ្យរដ្ឋាភិបាលរបស់យើង ដំណើរការទៅឲ្យកាន់តែមានប្រសិទ្ធភាព ជួយរៀបចំច្បាប់រឹតត្បិតការលក់ដូរគ្រាប់រំសេវ ដើម្បីទប់ស្កាត់អំពើហិង្សាប្រដាប់អាវុធដែលរីករាលដាលនោះ។ ជាងនេះទៅទៀត លោកជួយកាត់បន្ថយការបំពុលសមុទ្រពីការដឹកជញ្ជូនតាមនាវា ជួយឲ្យប្រជាពលរដ្ឋត្រៀមលក្ខណៈទប់ទល់នឹងជំងឺរាតត្បាតជាសាកល និងជួយការពារសិទ្ធិមនុស្សអន្តរជាតិផងដែរ។

ទន្ទឹមនឹងនេះ លោក រ៉ូបើត ហ្គាស៊ា មានមោទនភាព ក្នុងនាមជាជនអន្តោប្រវេសន៍នៃសហគមន៍ភេទទីបី LGBTQ ដោយបើកចំហរ និងជាលើកដំបូងក្នុងរដ្ឋសភា។ លោកចូលចិត្តសៀវភៅរឿងកំប្លែងយ៉ាងជក់ចិត្ត។ លោកសរសើរថាសៀវភៅកំប្លែងទាំងនោះឯង ដែលជួយលោកឲ្យចេះ អាន និងសរសេរភាសាអង់គ្លេស។ ចាប់តាំងពីពេលនោះមក ដោយនិស្ស័យចូលចិត្តផ្នែកនេះផង លោកបានបង្កើតក្រុមតំណាងរាស្រ្តនៅក្នុងសភា ដើម្បីទទួលបន្ទុកផ្នែកសិល្បៈប្រជាប្រិយ ដែលជាផ្នែកមួយចូលរួមចំណែកកសាង និងអភិវឌ្ឍសេដ្ឋកិច្ច និងវប្បធម៌។

លោក រ៉ូបើត ហ្គាស៊ា ជាជនអន្តោប្រវេសន៍ ដែលចាកចេញពីប្រទេសប៉េរូ មកកាន់សហរដ្ឋអាមេរិក តាំងពីលោកនៅតូចក្រូចឆ្មារ។ លោកបានមកធំដឹងក្តីនៅរដ្ឋកាលីហ្វ័រញ៉ាប៉ែកខាងត្បូង។ ក្នុងអំឡុងវ័យជាង ២០ ឆ្នាំ លោកបានចូលសញ្ជាតិអាមេរិក។ លោកមានបរិញ្ញាប័ត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ាខាងត្បូង និងសញ្ញប័ត្រអប់រំជាន់ខ្ពស់ពីសាលា Cal State ឡុងប៊ិច ដែលនៅទីនោះដែរ លោកក៏បានរៀនចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកទំនាក់ទំនង៕